•  
  •  

ជារៀងរាល់ថ្ងៃ ពេលព្រឹករឿងទីមួយដែលអ្នកធ្វើមុនគេប្រាកដជាបើកភ្នែកជាមុនសិន។ មានមនុស្សជាច្រើន ក្រោកមកពេលព្រឹកតែងតែមានទម្លាប់ខុសៗគ្នា ដែលទម្លាប់ទាំងនោះអាចជាទម្លាប់ល្អ និងមិនល្អ។ ជាទូទៅពេលព្រឹក គឺជាពេលចាប់ផ្ដើមថ្ងៃថ្មីដ៏ល្អ ពីព្រោះថាពេលព្រឹកមនុស្សពោរពេញទៅដោយថាមពលនិងភាពស្រស់ ស្រាយ ក៏ប៉ុន្តែប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់បង្កើតទម្លាប់បានល្អទេនោះ អ្នកអាចនឹងខាតបង់ពេលវេលាដែលអ្នកមាននៅពេលព្រឹកដែលនាំទៅរកភាពអសារបង់ក៏ថាបាន។

ជាមួយអត្ថបទមួយនេះ យើងនឹងទៅស្វែងយល់ទាំងអស់គ្នាអំពីទម្លាប់មិនល្អទាំង៥ យ៉ាងដែលអ្នកគួរចៀសវាងឱ្យបាននៅពេលអ្នកក្រោកពីដំណេកនៅពេលព្រឹក។

1. ចៀសវាងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម
ពិភពលោកដែលពោរពេញទៅដោយភាពជឿនលឿនខាងផ្នែកបច្ចេកវិទ្យា ជាពិសេសក្នុងបណ្ដាញទំនាក់ទំនងសង្គម។ បើនិយាយពីគុណវិបត្តិមួយក្នុងចំណោមគុណសម្បត្តិជាច្រើន ការប្រើប្រាស់បណ្ដាញសង្គមនៅពេលអ្នកទើបក្រោកពីគេងនៅពេលព្រឹក គឺប្រាកដណាស់មានផលអវិជ្ជមានគួរឱ្យកត់សម្គាល់សម្រាប់សកម្មភាពរប ស់អ្នកនាពេលព្រឹក។ តាមការស្រាវជ្រាវបែបវិជ្ជសាស្រ្ដចេញផ្សាយដោយគេហទំព័រមួយបានបង្ហាញថា ទម្លាប់មិនល្អមួយនៅពេលព្រឹកដែលមនុស្សមិនបានចាប់អារម្មណ៍នោះគឺ ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនៅពេលទើបក្រោកពីដំណេក។ តាមរយៈឯកសារចេញផ្សាយនោះបានចង្អុលបង្ហាញថា ទម្លាប់បែបនេះ អាចធ្វើឱ្យអ្នកបាត់បង់ភាពស្វាហាប់នាពេលព្រលឹម និងធ្វើឱ្យអ្នកអស់កម្លាំង។ លើសពីនេះទៅទៀត ទម្លាប់យកទូរស័ព្ទទៅដាក់នៅខាងមុខភ្នែកអាចជាកត្តានាំទៅរកការញៀននិងការប្រើប្រាស់អុិនធឺណេតដែលធ្វើឱ្យអ្នកភ្លេចភ្លាំងស្មារតី។
2. កុំភ្លេចញ៉ាំអាហារពេលព្រឹកឱ្យសោះ
អ្នកអាចសម្រេចជ្រើសរើសអាហារពេលព្រឹកទៅតាមចំណង់ចំណូលចិត្តរបស់អ្នកតែធ្វើយ៉ាងណាកុំរំលងអាហារពេលព្រឹកឱ្យសោះ។ អាហារពេលព្រឹកជាអាហារមួយដ៏មានសារៈសំខាន់ក្នុងចំណោមអាហារទាំង៣ពេលរបស់មនុស្ស។ អាហារពេលព្រឹកអាចធ្វើឱ្យអ្នកមានអារម្មណ៍ប្រសើរសម្រាប់សកម្មភាពប្រចាំថ្ងៃ ដោយហេតុតែវាអាចនាំមកនូវភាពជឿជាក់ចំពោះខ្លួនឯងពីព្រោះវាជាចំនុចផ្ដើមនៃថាមពលសម្រាប់សកម្មភាពពេញមួយថ្ងៃ។

3. រៀបចំគ្រែគេងរបស់អ្នកឱ្យបានស្អាត
បន្ទាប់ពីអ្នកក្រោកពីគេងអ្នកគួរប្រញាប់រៀបចំគ្រែគេងរបស់អ្នកឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ។ យ៉ាងណាមិញ មានមូលហេតុអាចពន្យល់បានថា ហេតុអ្វីអ្នកគួរតែធ្វើបែបនេះបើមិនចង់ឱ្យពេលព្រឹករបស់អ្នកអសារបង់។ តាមការចេញផ្សាយបានបង្ហាញថា ទម្លាប់ដែលចាកចេញពីគ្រែដោយមិនបានរៀបចំឱ្យបានស្អាតអាចជាកត្តាមួយរួមចំណែកធ្វើឱ្យអ្នកមានអាម្មណ៍ស្មុគស្មាញដោយសារតែឃើញភាពរញ៉េរញៃ៉នៅលើគ្រែគេងដែលធ្វើឱ្យអ្នកមិនចង់ទៅធ្វើអ្វីក្រៅពីចង់ទៅគេងវិញ។

4. កុំបន្ទោសខ្លួនឯងឱ្យសោះ
ពេលព្រឹកគឺជាពេលដែលល្អបំផុតក្នុងការចាប់ផ្ដើមសកម្មភាពជាច្រើន។ យ៉ាងណាមិញ ការបន្ទោសខ្លួនឯង នៅពេលអ្នកទើបតែក្រោកពីដំណេកមិនបានជួយអ្វីឡើយ ពីព្រោះម្សិលមិញបានកន្លងបាត់ហើយដែលមិនអាចកែប្រែអ្វីឡើយ។ មួយវិញទៀត ការស្ដីបន្ទោសខ្លួនឯងអំពីកំហុស ឬភាពខកចិត្តដែលបានកើតឡើងអាចនាំមកនូវតែភាពមិនសប្បាយចិត្តដែលធ្វើឱ្យអ្នកមិនអាចប្រមូលផ្ដុំអារម្មណ៍បានដែលជាកត្តាធ្វើឱ្យផលិតភាពប្រចាំថ្ងៃធ្លាក់ចុះ។

5. ហាត់ប្រាណយ៉ាងហោចណាស់ឱ្យបាន៣០នាទីពេលព្រឹក
នៅត្រង់ចំណុចចុងក្រោយនេះ នឹងមិនមានអ្វីបកស្រាយច្រើនឡើយ ដោយហេតុថាការហាត់ប្រាណជាសកម្មភាពចាំបាច់ដែលត្រូវធ្វើរៀងរាល់ពេលព្រឹកដែលមានមនុស្សជាច្រើនបានដឹង។ គុណសម្បត្តិមួយក្នុងចំណោមនៃការហាត់ប្រាណជាច្រើននោះ គឺថាការហាត់ប្រាណអាចបង្កើននូវថាមពលដល់អ្នកនិងដាស់ស្មារតីរបស់អ្នកឱ្យមានភាពស្វាហាប់ជាងមុនដែលជាមធ្យមគួរតែហាត់ប្រាណឱ្យបានយ៉ាងហោចណាស់កន្លះម៉ោងនាពេលព្រឹក។

ប្រភព: apartmenttheraphy.com


  •  
  •